របៀបដាំល្ហុងឲ្យបានផលច្រើន
ល្ហុង គឺជាផ្លែឈើហូបផ្លែមួយប្រភេទដែលប្រជាជនកម្ពុជានិយមបរិភោគជា ផ្លែឈើដែលសម្បូរទៅដោយជីវជាតិ។ ផ្លែល្ហុងយើងអាចយកទៅជាបន្លែសម្រាប់ស្លទៀតផង។នៅខាងក្រោមនេះ យើងនឹងបង្ហាញពីរបៀបនៃការដាំផ្លែល្ហុងឲ្យបានផ្លែល្អនឹងផល ច្រើន។
អ្នកមីងសយ ជាកសិកររស់នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលជាអ្នកប្រកបមុខកសិកម្មដាំដុះនៅបន្លែគ្រប់មុខ អ្នកមីងបាននិយាយប្រាប់អំពីរបៀបនេះការដាំដំណាំល្ហុងដូចតទៅ៖
១. ការជ្រើសរើសពូជ និងការត្រៀមពូជដាំ
ល្ហុង ដែលគាត់ដាំ ជាពូជដែលជ្រើសរើស និងរក្សាទុកដោយខ្លួនឯង ។ ចំពោះលក្ខណៈពូជដែលគាត់ជ្រើសរើសមានផ្លែធំវែង ផ្លែច្រើនមិនដាច់ដើមមានសុខភាពល្អ ។ នៅពេលដែលផ្លែទុំល្អ គាត់ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឲ្យជ្រះរំអិល រួចយកទៅហាល ឬសំដិលរហូតស្ងួត (២-៣ ថ្ងៃ) ទើបយកទៅច្រកកែវទុក ។
២. ការបណ្ដុះកូន
ចំពោះ ការដាំគឺគាត់បានយកគ្រាប់ទៅបណ្ដុះ មុននឹងយកទៅដាក់ដាំក្នុងចំការ ។ គាត់យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀម រួចជាស្រេច បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល ២ ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ ថ្ងៃ (ឲ្យដុះពន្លកសៗ) ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយពីដាក់គ្រាប់បណ្ដុះហើយ គាត់ស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ដើម្បីឲ្យកូនល្ហុងលូតលាស់ល្អ ។ ចំពោះថ្នាលបណ្ដុះកូន គាត់បានប្រក់រោងសំណាញ់ដើម្បីកុំឲ្យកូនល្ហុងត្រូវពន្លឺខ្លាំង ពេក ។
៣.ការរៀបចំដីដាំ
ក្នុងការរៀបចំដីដាំ គាត់ភ្ជួរហាលដី ៤-៥លើក ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល ១០ ថ្ងៃ ។ នៅពេលភ្ជួរលើកទី ១ គាត់បានដាក់ជីលាមកសត្វពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរលុបលើផ្ទៃដី ១៣ អារ ។ ក្រោយពីភ្ជួររាស់ហាលដី រួចគាត់លើកជារងដែលមានទទឹង ១,៥ ម៉ែត្រ បណ្ដោយទៅតាមស្ថានភាពដី ។ នៅលើរង គាត់ជីករណ្ដៅជាជួររណ្ដៅ និមួយៗទំហំ ៣ តឹកបួនជ្រុង និងជម្រៅ ៣ តឹក ដោយទុកចន្លោះពីររណ្ដៅមួយទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុងរណ្ដៅនិមួយៗ គាត់ដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឲ្យសព្វ ។
៤.ការដាំ
គាត់ ចាប់ផ្ដើមយកកូនល្ហុងទៅដាំនៅចុងខែមេសា ឬដើមខែឧសភា ដែលជាដើមរដូវ ដើម្បីកាត់បន្ថយការស្រោចទឹក ។ កូនល្ហុងដែលគាត់យកមកដាំមានអាយុ ៤៥ ថ្ងៃ គាត់បានហែកថង់ចេញ រួចដាក់ក្នុងរណ្ដៅ បន្ទាប់មកយកដីនៅមាត់រណ្ដៅលុបសង្កត់ឲ្យណែន រួចយកកម្ទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឲ្យជោគ ។ ក្នុងមួយរណ្ដៅដាំមួយដើម ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ ។
៥.ការថែទាំ
នៅ ពេលល្ហុងនៅតូច គាត់ស្រោចទឹក ១ ថ្ងៃម្ដង ដោយប្រើទុយយោបាញ់នៅលើស្លឹករហូតដល់ល្ហុងធំចេញផ្កាគាត់បញ្ចូល ទឹកនៅតាមចន្លោះរង ៣ ថ្ងៃម្តង លៃយ៉ាងណាកុំឲ្យដីស្ងួតពេក ឬសើមពេក ។ ក្រៅពីការស្រោចទឹក គាត់ឧស្សាហ៍ពូនគល់ គឺនៅពេលដែលសង្កេតឃើញឫសល្ហុងមួយចំនួនដុះលើផ្ទៃដី និងក្រោយការប្រមូលផលលើកទី ២ ។ ល្ហុងជាដំណាំដែលត្រូវការពន្លឺថ្ងៃដូច្នេះគាត់បានកាច់មែកងាប់ៗ នៅក្បែរគល់ប្រមូលចោល និងធ្វើស្មៅក្បែរគល់ ដើម្បីកុំឲ្យមានភាពស៊ុបទ្រុបឲ្យពន្លឺចាំងចូលគ្រប់គ្រាន់ ។ អ្នកមីងបានប្រើជីកែង ចំនួន ៥ គីឡូក្រាម សម្រាប់បំប៉នដោយដាក់នៅក្បែរគល់មួយរណ្ដៅបន្តិចៗ ។
ក្នុង ការដាំល្ហុងនេះ គាត់តែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា ជំងឺរលួយគល់ ធ្វើឲ្យស្លឹកស្រពោន រលួយឫស និងគល់ត្រឹមស្មើដីតែម្ដង ជំងឺពុកឫសកែវធ្វើឲ្យស្លឹកឡើងលឿង និងបញ្ឈប់ការចេញផ្លែ ជំងឺឆ្កួតត្រួយ ធ្វើឲ្យត្រួយរួញ ហើយផ្អាកការចេញផ្លែ ។
ចំពោះ វិធានការណ៍កម្ចាត់ បើល្ហុងនៅតូចគាត់ ដកដើមចោល ឬ កាត់ស្លឹក ឬ ត្រួយដែលកើតជំងឺចោល ។ ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឲ្យផ្លែមិនសូវលូតលាស់ ហើយគ្មានរសជាតិ ។ ករណីសត្វក្រារោមផ្លែគាត់មិនទាន់ មានវិធានការណ៍កម្ចាត់ទេ ប៉ុន្តែវាកើតមានតិចតួច ប៉ុណ្ណោះក្នុងចំការរបស់គាត់ ។
៦.ការប្រមូលផល
ក្រោយពេល ដាំបានរយៈពេល ៥ខែ គាត់ប្រមូលផលផ្លែល្ហុងចាស់លក់ ។ ការបេះ ធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី ១ រហូតដល់ខ្សោយ ទើបគាត់កាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ ។ តាមការប៉ាន់ស្មានរបស់គាត់ ជាសរុបគាត់បេះលក់បានប្រមាណ ១២ តោន (ល្ហុងខ្ចី) ។ ហើយបើទូទាត់លើការចំណាយ គាត់ទទួលបានចំណូលសុទ្ធ ២-៣ លានរៀល ។ ដូច្នេះល្ហុងបើគិតទៅក៏មិនស្រួលក្នុងការដាំដុះប៉ុន្មានទេ ទាល់តែមានបទពិសោធន៍ទើបដាំបានផលល្អ៕ ប្រភព៖ ksmc-news.com
No comments:
Post a Comment