Wednesday, June 11, 2014

វិធីសាស្ត្រដាំបន្លែក្នុងដប

ថ្នាក់​រៀន​ជា​ថ្នាល​បណ្ដុះ​វិជ្ជា​ទាំង​ចំណេះ​ទូទៅ និង​ជំនាញ​បំណិន​ជីវិត ក្នុង​នោះ​មាន​ទាំង​​ការ​ដេរ​ប៉ាក់ ជាង​កែច្នៃ និង​ការ​ដាំ​ដំណាំ​កសិកម្ម​ជាដើម។ នៅ​តាម​សាលារៀន​ភាគ​ច្រើន​មុខ​ថ្នាក់រៀន​នីមួយៗ មាន​សួន​ច្បារ​តូច រំលេច​ដោយ​ផ្កា​ចម្រុះ ដុះ​ព្រោងព្រាត និង​ចោល​ក្លិន​ក្រអូប​នៅ​តាម​សាលា​ខ្លះ​ទៀត​ក៏​មាន​សួន​បន្លែ។ ដើម្បី​បន្ថែម​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​ឲ្យ​សិស្ស លោក រស់ ម៉ៅ បាន​សុំ​ឲ្យ​លោកគ្រូ អ្នកគ្រូ នាំ​សិស្ស​ដាំ​បន្លែ​ក្នុង​ដប។
បន្លែ រស់ ម៉ៅ ៦១០
លោក រស់ ម៉ៅ ដែល​ជា​កសិករ​ឆ្នើម​មើល​ឃើញ​ថា កុមារ​គួរ​តែ​មាន​ពេល​វេលា​សម្រាប់​រៀន​​ជំនាញ​បន្ថែម ដោយ​កាត់បន្ថយ​ពេលវេលា​លេង​កម្សាន្ត​ដែល​ឥតប្រយោជន៍ ឬ​បង្ក​ជម្លោះ។ លោក​ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ នាំ​សិស្ស​ឲ្យ​ដាំ​បន្លែ​ក្នុង​ដប ដែល​បន្លែ​នោះ​ជួយ​លើក​​សោភណភាព​ថ្នាក់​រៀន៖ «អត់​ពិបាក​ទេ​ក្មួយៗ បើ​យើង​ចង់​ដាំ​ដំណាំ​អី យើង​ដាំ​ដូចជា​ផ្កា​អ៊ីចឹង ប៉ុន្តែ​ផ្កា​បានតែ​លម្អ តែ​បើ​យើង​ដាំ​ស្ពៃ ដាំ​ខ្ទឹម​អី គឺ​យើង​លម្អ ហើយ​បាន​ហូប​ទៀត»


ដើម្បី​ឲ្យ​សិស្ស​និង​លោកគ្រូ អ្នកគ្រូ ងាយ​ស្រួល​ក្នុង​ការ​ដាំ​បន្លែ​ក្នុង​ថ្នាក់រៀន​ឲ្យ​ប្លែក​ភ្នែក​ផង ​លោក​ណែនាំ​ឲ្យ​ដាំ​បន្លែ​ក្នុង​ដប​ទឹក​ក្រូច។ លោក​ថា ការ​ដាំ​បន្លែ​ក្នុង​ដប ត្រូវ​ដាក់​ព្យួរ​តាម​បង្អួច ឲ្យ​មាន​របៀបរៀបរយ វា​បង្កើន​សោភណភាព​ក្នុង​ថ្នាក់​មួយ​កម្រិត។ លើស​ពី​នេះ បន្លែ​ពណ៌​បៃតង​វា​ផលិត​ខ្យល់​អុកស៊ីហ្សែន​នៅ​ពេល​ថ្ងៃ និង​បំភាយ​ខ្យល់​អុកស៊ីហ្សែន​ទាំង​នោះ​ទៅ​ជួយ​ដល់​ការ​ដក​ដង្ហើម និង​បន្ថយ​ភាព​តានតឹង​នៃ​ការ​សិក្សា។
​លោក រស់ ម៉ៅ បន្ត​ថា ដាំ​បន្លែ​ក្នុង​ដប​ជា​វិធី​ងាយ និង​សាមញ្ញ សិស្ស​ងាយ​ចាំ និង​ងាយ​ផលិត។ លោក​ប្រាប់​ថា រើស​យក​ដប​ទឹក​ក្រូច​ជ័រ ដែល​គេ​បោះ​ចោល លាង​ឲ្យ​ស្អាត រួច​កាត់​ជា ២​ចំណែក ដោយ​លៃ​យ៉ាង​ណា​ឲ្យ​ដប​ទឹក​ក្រូច​នោះ​បែង​ចែក​ជា ៣​ភាគ ទុក​ផ្នែក​ខាង​មាត់​ដប​អោយ​ខ្លី ២​ភាគ​ជាង​ខាង​ក្រោម។
លោក រស់ ម៉ៅ ពន្យល់​បន្ថែម៖ «ក្មួយៗ​យក​ដប​ទឹក​ក្រូច ២​លីត្រ យើង​យក​មក ដប​មួយ​ហ្នឹង យក​មក​ដល់​កាត់​វា​ជា ២​កំណាត់។ ប៉ុន្តែ​ឲ្យ​អាទិភាព​ខាង​ក្រោម​វែង​ជាង​អា​លើ បាន​ន័យ​ថា ខាង​លើ ១​ភាគ ខាង​ក្រោម ២​ភាគ គឺ ២ ភាគ ៣ អ៊ីចឹង​ទៅ។ អ៊ីចឹង​កាត់​វា​ជា ២ ហើយ យក​ផ្នែក​ខាង​ក្រោម គឺ​ខាង​គូថ​វា​នឹង​យក​ខ្សែ​តូច​យក​មក ធូប ឬ​ក៏​ដែកគោល ចោះ​រន្ធ​វា​ពី​លើ​ហ្នឹង ហើយ​យើង​ចង​ដូចជា​បំពង់​ទឹក​ត្នោត​អ៊ីចឹង។ យើង​ទុក​មួយ​អន្លើ​មក បាន​យើង​ខាង​ក្បាល​វិញ មិន​មាន​គម្រប​វា យើង​មួល​គម្រប​ចេញ ហើយ​​យក​ស្រកី​ដូច ឬ​មួយ​កម្ទេច​ចំបើង ឬ​មួយ​ស្អី​ដែល​វា​ជក់​ទឹក បើ​យក​ល្អ​គឺ​ស្រកីដូង​ហ្នឹង​ហើយ ញ៉ុក​នៅ​​ដប​ហ្នឹង ប៉ុន្តែ​កុំ​ឲ្យ​តឹង​ពេក និង​កុំ​ឲ្យ​ធូរ​ពេក គឺ​ឲ្យ​ល្មម តែ​វា​ជក់​ទឹក​បាន»
​លោក រស់ ម៉ៅ បន្ត​ថា យក​ដី​មមោក គឺ​ជា​ដី​នៅ​ក្រោម​ដើម​ឈើ​ធំៗ ផ្នែក​ខាង​លើ និង​ដី​ដែល​កក​នៅ​ក្រោម​ទឹក ដែល​ហូរ​កាត់​លើ​ដី​នោះ​ចំនួន ៧​ស្លាបព្រា​បាយ កម្ទេច​ធ្យូង​ម៉ត់ ឬ​ធ្យូង​អង្កាម ឬ​អាចម៍​រណារ ច្របល់​ជាមួយ​លាមក​សត្វ​ស្ងួត ៣​ស្លាប​ព្រា​បាយ រួច​ផ្អាប់​ទុក ៧​ថ្ងៃ ចាំ​ច្រក​ចូល​​កំណាត់​ដប។
លោក​ថា ហាម​យក​ផេះ​ធ្យូង ឬ​ផេះ​អង្កាម​មក​លាយ​ជាមួយ​ដី​មមោក ព្រោះ​ផេះ​វា​មាន​ជាតិ​ប្រៃ និង​មិន​មាន​សំណើម ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​បាន​យូរ​ទេ៖«យើង​យក​លាមក​សត្វ​៣​ដែរ អាចម៍​គោ អាចម៍​មាន់ ប៉ុន្តែ​ធ្វើ​ម៉េច​យក​ពពួក​ដែល​ស្ងួត​ហើយ​វា​ងាប់​​តាំង​ពី​ឆ្នាំ​ទៅ កុំ​យក​អា​ថ្មីៗ​ស្ទើរ​ងាប់ ស្ទើរ​រស់​ហ្នឹង ដាំ​អត់​បាន​ហូប​ទេ។ អ៊ីចឹង​យក​អា​ហ្នឹង​ហើយ យើង​យក​មក​លាយ លាយ​ចូល​គ្នា​ឲ្យ​សព្វ​ហើយ បើ​យក​ល្អ​ក្មួយៗ​កុំ​អាល​ដាំ លាយ​ដី​ហ្នឹង​ហើយ​គ្រប​វា​​ទុក ឬ​មួយ​ដាក់​ក្នុង​បាវ​អី​ឲ្យ​បាន ៥ ទៅ ៧​ថ្ងៃ​សិន ឲ្យ​ដី​វា​កាច់​សិន ឲ្យ​វា​ចូល​សារធាតុ​អស់​ជាតិ​ប្រៃ ហើយ​ចាំ​យក​ទៅ​ដាំ»
លោក​ប្រាប់​ថា ដី​ដែល​ត្រូវ​ដាក់​មុន​ដាំ គឺ​ច្រក​ក្នុង​កំណាត់​ដប នៅ​ផ្នែក​មាន​គម្រប។ ចំណែក​ដប​​ខាង​ក្រោម គឺ​ដាក់​ទឹក​ដែល​មាន​ក្នុង​នោះ ត្រួយ​ទន្ទ្រានខេត្ត ឬ​ស្លឹក​ឈើ​ណា​ដែល​ឆាប់​រលួយ​ក្នុង​ទឹក​​​ដាក់​ស្ករត្នោត​ប៉ុន​មេដៃ​ក្នុង​ទឹក​នោះ រួច​ទុក​ឲ្យ​វា​កាច់​ក្នុង​ទឹក ទៅ​ជា​ជី ដើម្បី​ចិញ្ចឹម​ដំណាំ។
វិធី​ដាំ

​រើស​យក​បន្លែ​ណា ដែល​គ្មាន​ឫស​កែវ គឺ​យក​តែ​បន្លែ​ដែល​មាន​ឫស​ខ្លី ដូចជា​ស្ពៃ ដូចជា​ខ្ទឹម​ស្លឹក ជាដើម។
មុន​ដាំ​ត្រូវ​យក​ដី​មមោក លាយ​រួច​ជាមួយ​លាមក​សត្វ​ស្ងួត ទៅ​ដាក់​ក្នុង​កំណាត់​ដប​ផ្នែក​ខាង​គម្រប រួច​យក​កំណាត់​ដប​នោះ​ដាក់​ផ្ងារ​ដី​ឡើង​លើ ឲ្យ​ក​ដប​ដែល​មាន​ស្រកីដូង ឬ​កម្ទេច​ចំបើង​ដែល​ញាត់​ក្នុង​ក​ដប​ហើយ​នោះ យក​វា​ទៅ​ស៊ក​ឲ្យ​ត្រួត​ពី​លើ​កំណាត់​ដប​មួយ​ផ្នែក​ទៀត ដែល​មាន​ទឹក​ត្រាំ​ស្លឹក​ឈើ លាយ​ស្ករ​ត្នោត ក្លាយ​ជា​ជី​នៅ​ក្នុង​នោះ​ស្រេច។ យក​គ្រាប់​ស្ពៃ ឬ​គ្រាប់​ខ្ទឹម​ទៅ​កប់​បន្ថើរ​ពី​លើ​ដី​នោះ ស្រោច​ទឹក​បន្តិច​មុន​ចង​ព្យួរ។ កន្លែង​ព្យួរ​បន្លែ មិន​ត្រូវ​នៅ​កណ្ដាលវាល ថ្ងៃ​ក្ដៅ​ខ្លាំង​ទេ។
លោក រស់ ម៉ៅ បន្ថែម៖ «ក្មួយៗ​គ្រាន់​តែ​ដាក់​ទឹក​ក្នុង​ដប​ហ្នឹង​ហើយ រក​ស្ករ​បន្តិច​មក ប៉ុន​ចុង​ចង្កឹះ​មក ដាក់​ចូល​ក្នុង​ដប​ហ្នឹង​មក ហើយ​កាច់​ស្លឹក​ឈើ​ស្អី​ដែល​ឆាប់​រលួយ​ហ្នឹង មូល​ចូល​ក្នុង​នឹង​បន្តិច​មក ហើយ​ទៅ​ជា​​ជីកំប៉ុស​ទឹក​ហើយ ដាក់​ចូល​ក្នុង​ដប​ហ្នឹង​ទៅ ហើយ​ដាក់​ព្យួរ​មក នៅ​កន្លែង​ណា​ដែល​ក្បែរ​សាលារៀន​​យើង ក្បែរ​ក្រោម​ដើម​ឈើ​អី ដែល​មិន​សូវ​ម្លប់​ពេក ហើយ​មិន​សូវ​ថ្ងៃ​ក្ដៅ​ពេក​ហ្នឹង គឺ​យើង​ដាក់​ទៅ​បាន​ហូប ហើយ​ងាយ​ស្រួល​ធ្វើ​ណាស់​អា​ហ្នឹង​ត្រូវ»
ចំពោះ​ការ​ថែទាំ​វិញ គឺ​ស្រោច​ទឹកតែ​ម្ដង​ទេ។ នៅ​ពេល​វា​ដុះ​ពន្លក​ហើយ មិន​ចាំបាច់​ស្រោច​ទេ ព្រោះ​ស្រកីដូង​នៅ​ក​ដប វា​បឺត​យក​ទឹក​ជី​ពី​កំណាត់​ដប​ខាង​ក្រោម​ទៅ​ចិញ្ចឹម​ដី​ឲ្យ​សើម​ហើយ។
​លោក រស់ ម៉ៅ បន្ថែម​ថា វិធី​ងាយស្រួល​មួយ​ទៀត គឺ​កំប៉ុង​ជ័រ គេ​ដាក់​កាហ្វេ ឬ​ទឹក​អំពៅ ហើយ​បោះ​ចោល អាចយ​ក​វា​ទៅ​ដាំ​បន្លែ​ក៏​បាន​ដែរ។ បន្ទាប់មក​យក​ភ្លើង​ធូប​ចោះ​បាត​កំប៉ុង​ឲ្យ​បាន​រន្ធ ៣ ហើយ​យក​ស្រកីដូង ទៅ​ដាក់​នៅ​បាត​កំប៉ុង​ជ័រ​នោះ ទើប​យក​ល្បាយ​ដី​មមោក​​ទៅ​ចាក់​ពី​លើ មិន​ឲ្យ​ពេញ​កំប៉ុង​ពេក​ទេ។ ដាក់​តម្រៀប​កំប៉ុង​នោះ ពីលើ​ក្ដារ ឬ​ពីលើ​ស្នោ​ជា​ជួរ ទើប​យក​គ្រាប់​ស្ពៃ​តឿ ឬ​អ្នកខ្លះ​ហៅ​ស្ពៃ​ប្លក់ចយ ចំនួន ២​គ្រាប់ ទៅ​កប់​ក្នុង ១​កំប៉ុង។ កប់​រួច​​ស្រោច​ទឹក​បន្តិចៗ រង់ចាំ ៣​ថ្ងៃ​ក្រោយ គ្រាប់​ស្ពៃ​វា​ដុះ​ជា​កូន​ស្ពៃ។ ការ​ថែទាំ​ដើម​ស្ពៃ​នោះ គ្រាន់តែ​ស្រោច​ទឹក​បន្តិច​បាន​ហើយ។
ឮប្រសិន​បើ​លោកអ្នក​នាង ចង់​រៀប​ភូមិឋាន ឬ​ថ្នាក់រៀន ឲ្យ​មាន​បន្លែ​ចម្រុះ ដូច​ផ្ទះ​កសិករ រស់ ម៉ៅ សូម​លោក​អ្នកនាង​អញ្ជើញ​វត្ត​ចមពល ដែល​នៅ​ជាប់​ផ្លូវជាតិ​លេខ​៣ មិន​ឆ្ងាយ​ពី​ស្ពាន​ស្លាគូ គឺ​ផ្ទះ​លោក រស់ ម៉ៅ នៅ​ខាង​ក្រោយ​ជាប់​វត្ត​ចមពល ក្នុង​ភូមិ​ចមពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឬ​ទាក់ទង​ទូរស័ព្ទ​លោក រស់ ម៉ៅ លេខ ០១៧ ៦៥ ៩៧ ៧៥ និង​លេខ ០៩៧ ៥២ ៩៥ ២៨៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពៈ www.rfa.org

No comments:

Post a Comment