ថ្នាក់រៀនជាថ្នាលបណ្ដុះវិជ្ជាទាំងចំណេះទូទៅ និងជំនាញបំណិនជីវិត ក្នុងនោះមានទាំងការដេរប៉ាក់ ជាងកែច្នៃ និងការដាំដំណាំកសិកម្មជាដើម។ នៅតាមសាលារៀនភាគច្រើនមុខថ្នាក់រៀននីមួយៗ មានសួនច្បារតូច រំលេចដោយផ្កាចម្រុះ ដុះព្រោងព្រាត និងចោលក្លិនក្រអូបនៅតាមសាលាខ្លះទៀតក៏មានសួនបន្លែ។ ដើម្បីបន្ថែមចំណេះដឹងផ្នែកកសិកម្មឲ្យសិស្ស លោក រស់ ម៉ៅ បានសុំឲ្យលោកគ្រូ អ្នកគ្រូ នាំសិស្សដាំបន្លែក្នុងដប។

លោក រស់ ម៉ៅ ដែលជាកសិករឆ្នើមមើលឃើញថា កុមារគួរតែមានពេលវេលាសម្រាប់រៀនជំនាញបន្ថែម ដោយកាត់បន្ថយពេលវេលាលេងកម្សាន្តដែលឥតប្រយោជន៍ ឬបង្កជម្លោះ។ លោកស្នើឲ្យលោកគ្រូ អ្នកគ្រូ នាំសិស្សឲ្យដាំបន្លែក្នុងដប ដែលបន្លែនោះជួយលើកសោភណភាពថ្នាក់រៀន៖ «អត់ពិបាកទេក្មួយៗ បើយើងចង់ដាំដំណាំអី យើងដាំដូចជាផ្កាអ៊ីចឹង ប៉ុន្តែផ្កាបានតែលម្អ តែបើយើងដាំស្ពៃ ដាំខ្ទឹមអី គឺយើងលម្អ ហើយបានហូបទៀត»។